ការកសាងភាពធន់ប្រព័ន្ធសុខាភិបាល
ទៅនឹងការប្រែប្រួលអាកាសធាតុ
GEF-WHO
News
Tuesday, 6 October 2026
 
Home
ព័ត៌មាន​ និង​ ព្រឹត្តិការណ៍
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់សុខភាព២០២០-២០២៤

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់សុខភាព២០២០-២០២៤

01
February
2021

    ប្រទេសកម្ពុជា គឺជាប្រទេស​ដែលមានប្រវត្តិយូរអង្វែង និងសម្បូណ៌បែប។ ទោះបីជា​ទើបតែងើបផុតពី​សង្គ្រាម​ និង​អស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​ជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាមានការរីក ចម្រើន​យ៉ាងខ្លាំង​ ហើយបច្ចុប្បន្ននេះ ទទួល​បានសន្តិភាពពេញលេញដោយក្នុងនោះ​សូចនាករអភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​មនុស្ស​​បង្ហាញ​ពី​ភាពប្រសើរឡើង​ជាប្រចាំ ប៉ុន្តែកម្ពុជាក៏ងាយប្រឈមទៅនឹងមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយដោយធម្មជាតិ និងដោយមនុស្ស ជាអ្នកបង្កនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទឹកជំនន់គឺជាហានិភ័យមួយក្នុង ចំណោមហានិភ័យធំៗ ដែលប៉ះពាល់នៅកម្ពុជា និងកើតឡើងសឹងតែរាល់ឆ្នាំ​ចាប់តាំងពីឆ្នាំ២០០0មកគឺនៅឆ្នាំខ្លះកើតមានទំហំតូច ឆ្នាំខ្លះកើតមានទំហំធំ ហើយផលប៉ះ ពាល់ខូចខាតទៅតាមទំហំនិងសភាពនៃការកើតឡើងនៃមុខសញ្ញាគ្រោះ ថ្នាក់នោះដែរ។ តួយ៉ាង ដូចជានៅឆ្នាំ​២០០៩ ខ្យល់ព្យុះកេតសាណាបានប៉ះពាល់​ទៅ​លើ​ខេត្ត​ចំនួន១៤ និង​បានបង្ក​ឱ្យមនុស្សស្លាប់ចំនួន៤៣​នាក់។​ឆ្នាំ​២០១១ ខេត្តចំនួន​១៨ ត្រូវបាន ជន់លិចដោយបង្កឱ្យ​ស្លាប់មនុស្ស ចំនួន២៤៧​នាក់ និង​ប៉ះពាល់​ដល់៣៥០,០០០​គ្រួសារ ដែលមានមនុស្ស​ជាង១,៦៤​លាននាក់ (រួមទាំងកុមារ ៧០០,០០០នាក់) ត្រូវ​ជម្លៀស។​នៅឆ្នាំ​២០១២ ទឹកជំនន់រហ័សបានធ្វើឱ្យប៉ះពាល់ដល់​១១,៧០០ ​គ្រួសារហើយ​​៣.៥០០​គ្រួសារ​ត្រូវ​ផ្លាស់ ប្តូរទីលំនៅ​។

     រដូវវស្សា​ឆ្នាំ​២០១៣ (ខែឧសភាដល់ខែតុលា ឆ្នាំ២០១៣)​ទឹកជំនន់​ទ្រង់​ទ្រាយ​​ធំ​​​កើតឡើងជាថ្មីក្នុងតំបន់​អាស៊ីអាគ្នេយ៍បន្ទាប់ពី​មានភាពស្ងប់ស្ងាត់​ក្នុងឆ្នាំ​២០១២មក។ ការរួមបញ្ចូលគ្នា​នូវ​ខ្យល់ព្យុះកំបុតត្បូងទីហ្វុងជា បន្ទាប់កំណើន​យ៉ាងខ្លាំងនូវ​កម្រិត ទឹកទន្លេមេគង្គទឹកជំនន់រហ័ស​ឆ្លង​ដែន​​នៅក្នុង​ខេត្ត​ភាគខាងលិចនិង​ទឹកភ្លៀង​មូសុង​ខ្ពស់ ជាងមធ្យមភាគបានបង្កឱ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំងក្លា​នៅទូទាំង​ប្រទេស​កម្ពុជា និងបាន​ប៉ះពាល់​ទៅលើប្រជាពលរដ្ឋចំនួន ៣៧៧,៣៥៤ គ្រួសារ ដែលមានមនុស្សចំនួន ១,៨លាននាក់​ដែលរស់នៅក្នុងខេត្ត​ចំនួន២០។ សាលារៀនចំនួន ១,២៤២​ខ្នង​ មណ្ឌល សុខភាព​និង​មន្ទីរពេទ្យចំនួន៧៨​កន្លែងត្រូវ​ទឹក​ជន់លិច។ ទឹកជំនន់​នេះបានធ្វើឱ្យ មនុស្សស្លាប់​ចំនួន១៦៨​នាក់ ភាគច្រើន​ជា​កុមារ ។ ការខូចខាត​សរុប​ និងខាតបង់​ដែល បង្កដោយ​ទឹកជំនន់ឆ្នាំ​២០១៣ត្រូវ បានប៉ាន់ស្មានថា​មានចំនួន ៣៥៦​លានដុល្លា រអាមេរិក ដែលក្នុងនោះ១៥៣​លាន​ដុល្លារគឺខាតបង់ទៅលើ​ទ្រព្យសម្បត្តិ រូបវ័ន្ត និង២០៣​លានដុល្លារខាត បង់ទៅលើ​លំហូរផលិតកម្ម​និង​សេដ្ឋកិច្ច។ នៅក្នុងឆ្នាំ ២០១៨ ទឹកជំនន់ទន្លេមេគង្គបានជន់លិចចំនួន១០ខេត្ត ប៉ះពាល់ ១៣៤,៨៩៣គ្រួសារ និង​ស្លាប់៦៣នាក់។ នៅឆ្នាំក្នុង២០១៩ ទឹកជំនន់ទន្លេមេគង្គបានជន់លិចចំនួន១០ខេត្តប៉ះពាល់ ៨,៩៣៩២ គ្រួសារ មនុស្សចំនួន៣៥៨,៦៩៥នាក់ និងស្លាប់ចំនួន១៣នាក់។ ក្នុងឆ្នាំ២០២០ កន្លងទៅថ្មីៗនេះជំនន់ ទឹកភ្លៀងបានជនលិច២៤រាជធានីខេត្ត សាលារៀនជន លិច៩៤៣ សាលា និងខូចខាត២ខ្នង មណ្ឌលសុខភាព និងមន្ទីរពេទ្យលិចទឹក៣៦កន្លែង និងប្រជាពលរដ្ឋរងគ្រោះ ២២២,៨៩៨ គ្រួសារ និងស្លាប់ ៤៦ នាក់ ដោយសារលង់ទឹក ។ ក្នុងឆ្នាំ២០២០នេះផងដែរជំងឺរាតត្បាតដោយវីរុសកូរ៉ូណា ដែលហៅថាកូវីដ១៩ បានរាត ត្បាតនៅលើពិភពលោកព្រមទាំងប្រទេសកម្ពុជាដែលធ្វើអោយប៉ពាល់សេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ងរ និបាត់បង់អយុជីវិត រាបលាននាក់នៅលើពិភពលោក។

     ដោយសារផលប៉ះពាល់មានលក្ខណៈធ្ងន់ធ្ងរដល់ទ្រពសម្បត្តិ ដំណាំស្រូវ លំហូរ ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ជាពិសេស​សុខភាព​និងសុខុមាលភាព និងការ ស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ ដោយសារគ្រោះ មហន្តរាយទឹកជំន់ និងគ្រោះ មហន្តរាយផ្សេងៗ ក្រសួងសុខាភិបាលបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់សុខភាព​ឆ្នាំ២០១៥-២០១៩ និងបានធ្វើ បច្ចុប្បន្នភាពសម្រាប់ឆ្នាំ ២០២០ ដល់ ២០២៤ ដែលផ្តល់នូវគោលដៅសំខាន់ៗ សម្រាប់ការឆ្លើយតបរបស់ក្រសួងសុខាភិបាលស្របតាម គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាប្រឈមនិងជម្រុញឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យគ្រោះអាសន្ន នៃសុខភាពពីមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្ស បង្កក្នុងការ ឆ្លើយតបទៅ នឹងដំណាក់កាលទាំងបួន នៃការបង្ការ ការត្រៀមរៀបចំជា ស្រេច ការឆ្លើយតប និងការស្តារឡើងវិញ ។

     ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថានឹងមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តតាមដានត្រួតពិនិត្យផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយសម្រាប់ សុខភាព ដើម្បីឱ្យផែនការ យុទ្ធសាស្ត្រជាតិនេះមានប្រសិទ្ធភាព និងប្រសិទ្ធផល។

នេះជាការលើកឡើងរបស់ឯកឧត្តមវេជ្ជបណ្ឱិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលដែលបានថ្លែងពាំនាំនូវអនុសាសន៌ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលទទួលបន្ទុកការងារគ្រោះមហន្តរាយនៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពី ការគ្រប់ គ្រងហានិភ័យ គ្រោះមហន្តរាយសម្រាប់សុខភាព ២០២០-២០២៤ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នពេញ។

 សិក្ខាសិលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, គណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយ, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ, វិទ្យាស្ថានជាតិសុខភាពសាធារណៈ, មន្តី្របង្គោលទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្ត នាយកដ្ឋានដែលស្ថិតក្រោមចំណុះក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ផងដែរ។New Content

Key Messages
Announcements
Our Facebook Page
External Link
Visitor Counter
  • Total visit : 88765
  • Visit Today : 187
  • Visit Yesterday : 11