នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ និងសុខភាព ដើម្បីពិនិត្យលើផែនការសកម្មភាព និងការអនុវត្តផែនការក្នុងឆ្នាំ២០២២ (លើកទី២) នៅសណ្ឋាគារ សោម៉ាទេវី អង្គរ ទីរួមខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងគណណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានការពារសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋាឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្រុមការងារចំណុះខេត្តរតនគិរី និងតំណាងពីអង្គការសុខភាពពិភពលោក(WHO) ។
កម្មវិធីប្រជុំនេះ ត្រូវបានប្រព្តឹត្តទៅដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យសិក្ខាកាមពាក់ម៉ាស់ការពារ វាស់កម្តៅ លាងដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព ។