នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបានកំណើនយ៉ាងច្រើននូវអាយុកាលរំពឹង។ មួយផ្នែកធំនៃកំណើននេះ គឺបានមក ពីភាពប្រសើរឡើងនៅក្នុងលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋ ដោយសារតែការប្តេជ្ញាចិត្តផ្នែកនយោបាយខ្លាំងក្លា ដើម្បីកែលម្អ ប្រសិទ្ធភាពនៃ ប្រព័ន្ធសុខាភិបាល និងការទទួលបានសេវាសុខភាពកាន់តែច្រើន រួមទាំងការអនុវត្តគម្រោងគាំពារសុខភាពសង្គមផងដែរ។ បន្ថែមពីលើនេះ ការកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់និងការកាត់បន្ថយភាពក្រីក្រក៏បានរួមចំណែកផងដែរដល់លទ្ធផលសុខភាពទាំងនេះ ក្នុងចំណោមប្រជាជនកម្ពុជា។ ជាលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ កម្ពុជាកំពុងតែឆ្លងកាត់ដំណាក់កាលអន្តរកាលប្រជាសាស្ត្រ និងអេពីដេមី សាស្ត្រ។ ក្នុងន័យនេះ គេសង្កេត ឃើញមានកំណើនជាប្រចាំនូវភាគរយ ប្រជាជនអាយុ៦០ឆ្នាំឡើង ទៅនិងកំណើននៅក្នុងសមាមាត្រ ជំងឺមិនឆ្លង ក្នុងចំណោមមនុស្សពេញវ័យ។
ក្រសួងសុខាភិបាលមានគោលនយោបាយ និងយុទ្ធសាស្ត្រនេះ គាំទ្រដល់ប្រព័ន្ធសុខាភិបាលក្នុងការអភិវឌ្ឍឆ្ពោះទៅរកប្រព័ន្ធមួយដែល មានការរួម បញ្ចូលគ្នានូវការថែទាំសុខភាពកម្រិតបឋម កម្រិតទីពីរនិងកម្រិតទីបី សម្រាប់មនុស្សចាស់។ ដើម្បីសម្រេចបានគោលដៅនេះ គេត្រូវការអនុវត្តយុទ្ធ សាស្ត្រ រយៈពេលខ្លី មធ្យម និងវែងដោយ ពិចារណារួមបញ្ចូលសេវាសុខភាពបន្ថែមមួយចំនួនទៀត ការបង្កើតក្របខ័ណ្ឌ ច្បាប់ពាក់ព័ន្ធ និងគោល ការណ៍ណែនាំសម្រាប់អនុវត្តន៍ក៏ដូចជាកៀងគរធនធានប្រតិបត្តិការឱ្យបានគ្រប់គ្រាន់។ ក្រសួងសុខាភិបាល មានមោទនភាពដាក់ឱ្យប្រើប្រាស់នូវ គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់ការថែទាំសុខភាពមនុស្សចាស់នេះនិងដាក់បញ្ចូល ទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានសុខភាពកាន់តែប្រសើរសម្រាប់មនុស្សចាស់។
នេះជាការលើកឡើងរបស់លោកវេជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព ដែលបានថ្លែងពាំនាំនូវអនុសាសន៌ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំខេត្ត លោក-លោកស្រី និងដៃគូរអភិវឌ្ឍន៍ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ការថែទាំរួមបញ្ចូលសម្រាប់មនុស្សចាស់ “ការវាយតម្លៃដែលផ្ដោតលើមនុស្សនិងគន្លងក្នុង ការថែទាំបឋម” ។
វគ្គបណ្ដុះបណ្ដាលនេះ
មានការអញ្ជើញចូលរូមពីថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តសៀមរាប តំណាងមន្ទីរសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប និងលោក-លោកស្រីវេជ្ជបណ្ឌិត
គ្រូពេទ្យ មន្ត្រីទទួល បន្ទុកការងារ ការព្យាបាលដោយចលនា,
ផ្នែកសុខភាពផ្លូវចិត្ត, ផ្នែកចក្ខុរោគ, ផ្នែកORL, នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម កំពត កំពង់ស្ពឺ រាជធានីភ្នំពេញ និងលោក-លោកស្រីដែលមកពីអង្គការសុខភាពពិភពលោកថ្នាក់តំបន់ និងអង្គការសុខភាពពិភពប្រចាំនៅកម្ពុជា សរុបចំនួន៣៥នាក់។
កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានប្រព្តឹត្តទៅដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យសិក្ខាកាមពាក់ម៉ាស់ការពារ វាស់កម្តៅ លាងដៃនឹងសាប៊ូឬអាល់កុលជាប្រចាំ និងរក្សាគម្លាត សុវត្ថិភាព ។