ក្រសួងសុខាភិបាល ត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល និងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល ។ អនុក្រឹត្យលេខ ៦៧ បានរៀបចំបណ្ដាអង្គភាពនៃក្រសួងសុខាភិបាល និងកំណត់បេសកកម្មរបស់ក្រសួង និងមុខការនៃបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋាននានា ។
អនុក្រឹត្យនេះ បានកំណត់ឱ្យនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលទទួលបន្ទុកដូចខាងក្រោម ៖
- ធ្វើការកែសម្រួលឱ្យទាន់សភាពការណ៍នូវសកម្មភាពនៃកម្មវិធីសុខភាពសាធារណៈ។ វាយតម្លៃកម្មវិធីទាំងនោះ លើកម្រិតលទ្ធផល និងលើផលប៉ះពាល់ ដើម្បីគាំពារសុខភាពប្រជាជន ជាពិសេសសុខភាពមាតា និងទារក។
- តាមដាន ត្រួតពិនិត្យ ស្រាវជ្រាវជំងឺរ៉ាំរ៉ៃ ដែលមិនឆ្លង
- គិតគួរពីនយោបាយសមស្រប រៀបចំអត្ថបទបទបញ្ជារ និងសម្រសម្រួលកម្មវិធីអប់រំសុខភាព និតិសម្បទាខាងបោសនា និងអនាម័យ។ សម្រាប់ការងារនេះ នាយកដ្ឋានរៀបចំធ្វើអង្កេតខាងបោសនា និងលើកកម្ពស់កម្រិតផ្សព្វផ្សាយណែនាំឱវាទផ្សេងៗ នៅតាមបណ្ដាប្រព័ន្ទសុខាភិបាល
- សម្របសម្រួលការងារអប់រំសុខភាព អនាម័យ និងចត្តាឡីស័ក
- សម្របសម្រួលការងារអប់រំការសិក្សា ស្រាវជ្រាវ រកវិធានការណ៍បង្ការ និងលើកកម្ពស់សុខភាពប្រជារាស្ត្រ
- ធ្វើយុទ្ធនាការបញ្ចូលវ៉ាក់សាំង។
ដើម្បីសម្រេចគោលបំណងខាងលើនេះនាយកដ្ឋានការពារសុខភាព នឹងជម្រុញឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិគតិយុត្តិ ដែលពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត ។
សេចក្ដីលម្អិត សូមចូលអានក្នុង អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល ។